ព័ត៌មាន T1D

រូបតំណាង

អ្នកជំនាញថែទាំសុខភាព

អំពី​ពួក​យើង

ឆ្ពោះទៅរកក្តីសុបិន្តជាធំ៖ ដំណើរជីវិតរបស់ Leaphy ជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទ១

កែសម្រួលដោយ: 06.05.2026

Anne-Charlotte Ficheroulle

Pharmacist, Education Manager, A4D

Leaphy បានដឹងថា គាត់មានជំងឺទឹកនោមផ្អែមប្រភេទ១ កាលពីឆ្នាំ ២០១៧ នៅពេលដែលគាត់មានអាយុត្រឹមតែ ៩ ឆ្នាំ។ វា​ជាព្រឹត្តិការណ៍​ដ៏​ធំ​មួយ​សម្រាប់​គាត់ ហើយ​គាត់បាន​សម្គាល់ពី​ការ​ចាប់​ផ្តើម​នៃ​ដំណើរជីវិត​ដែលខ្លួនមិន​បាន​រំពឹង​ទុក។ ប៉ុន្តែទោះបីជាមានការភ័យខ្លាចក៏ដោយ គាត់បានសម្រេចចិត្តថា នឹងរៀនគ្រប់គ្រងស្ថានភាពសុខភាពរបស់ខ្លួន ហើយនៅតែរស់នៅក្នុងជីវិតដែលគាត់ស្រមៃចង់បាន។

ការរៀនគ្រប់គ្រងជំងឺទឹកនោមផ្អែមមិនមែនជារឿងងាយស្រួលទេ។ Leaphy ត្រូវពិនិត្យជាតិស្ករក្នុងឈាមច្រើនដងក្នុងមួយថ្ងៃ ដែលមានន័យថា គាត់ត្រូវជួសម្រាមដៃ ដើម្បីធ្វើតេស្តឈាម។ គាត់បានចាក់អាំងស៊ុយលីនបួនដងក្នុងមួយថ្ងៃ ដោយកំណត់កម្រិតថ្នាំស្របតាមអាហារ និងសកម្មភាពរបស់គាត់ដោយប្រុងប្រយ័ត្ន។ ទោះបីជាទម្លាប់នេះ វាគួរឱ្យខ្លាចនៅពេលដំបូងក៏ដោយ ប៉ុន្តែវានឹងក្លាយជាទម្លាប់មួយនៃទម្លាប់ប្រចាំថ្ងៃរបស់គាត់ផ្សេងទៀត ដូចទៅនឹង ការចងខ្សែស្បែកជើង ឬដុសធ្មេញដែរ។

ទោះ​បី​គាត់តាំង​ចិត្ត​រស់​នៅ​ឲ្យមានន័យ​ក៏​ដោយ ប៉ុន្តែពេល​ខ្លះ​គាត់នៅ​មាន​ការ​ព្រួយ​បារម្ភ។ គាត់ខ្លាចបញ្ហាផ្សេងៗ ដូចជាការចុះជាតិស្ករភ្លាមៗ ដែលធ្វើឱ្យគាត់មានអារម្មណ៍វិលមុខ និងទន់ខ្សោយ។ ហើយគាត់ក៏ព្រួយបារម្ភពីទំនួលខុសត្រូវពេញមួយជីវិត ក្នុងការគ្រប់គ្រងសុខភាពយ៉ាងប្រុងប្រយ័ត្ន ដោយដឹងថា សូម្បីតែកំហុសតូចតាចក៏អាចមានផលប៉ះពាល់ធំដែរ។

យ៉ាងណាមិញ Leaphy មានក្តីសុបិនដ៏ធំ។ គាត់មិន​ចង់​ឲ្យ​ជំងឺ​ទឹកនោមផ្អែម​គ្រប់គ្រង​លើអនាគត​គាត់​ឡើយ។ គាត់ចង់រៀនឲ្យពូកែ ហើយថែមទាំងសុបិនចង់ក្លាយជាតារាម៉ូដែលទៀតផង។ គាត់ចង់​ធ្វើ​តាម​បំណងរបស់​ខ្លួន ​ដោយ​មិនឲ្យស្ថានភាពជំងឺរារាំងគាត់បានឡើយ។ គាត់តែងរំឫកខ្លួនឯងថា៖ «នេះគ្រាន់តែជាចំណែកតូចមួយប៉ុណ្ណោះ វាមិនអាចគ្រប់គ្រងយើងបានទាំងស្រុងឡើយ»។

Leaphy មិនមែនប្រឈមនឹងដំណើរជីវិតមួយនេះតែម្នាក់ឯងឡើយ។ ប៉ាម៉ាក់គាត់ក៏ចាំជួយជ្រោមជ្រែងគ្រប់ជំហាន ដោយរៀនគ្រប់គ្រងជំងឺទឹកនោមផ្អែមជាមួយគាត់ ផងដែរ។ ពួកគាត់តាមដានកម្រិតជាតិស្កររបស់​Leapyជាមួយគ្នា និងអបអររាល់ជ័យជម្នះតូចៗរបស់គាត់ ដូចជាការស្ថិតក្នុងកម្រិតជាតិស្ករដ៏ល្អមួយ ឬរៀនជំនាញថ្មីក្នុងការថែទាំខ្លួនឯងជាដើម។ មិត្តភ័ក្តិ​របស់​គាត់ក៏​បាន​ជួយយកអាសារ​ដែរ ដោយក្រើន​រំឭក​គាត់​ ឱ្យ​ពិនិត្យ​កម្រិតជាតិស្ករ ឬឲ្យ​​ទទួលអារម្មណ៍ថា គាត់បាន​ចូល​រួម​ក្នុង​សកម្មភាពផ្សេងៗបាន។ ក្រុមគ្រូពេទ្យក៏បានគាំទ្រគាត់ផងដែរ ដោយណែនាំគាត់អំពីដំណើរការគ្រប់គ្រងជំងឺទឹកនោមផ្អែមឲ្យបានត្រឹមត្រូវ។ ជាមួយនឹងការគាំទ្រនេះ Leaphy បានដឹងថា គាត់មិនមែនត្រូវមើលថែជំងឺទឹកនោមផ្អែមតែម្នាក់ឯងនោះទេ។

ការរស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ១ បានធ្វើឱ្យ Leaphy ស្គាល់ពីអ្វីដែលគាត់នឹកស្មានមិនដល់។ គាត់​បាន​រៀន​យល់​ពី​រាង​កាយ​របស់​ខ្លួន ដោយ​កត់​សម្គាល់​នៅពេល​ដែល​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ឬ​ចុះទាប ហើយ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ភ្លាមៗ។ ជំងឺទឹកនោមផ្អែមក៏បានបង្រៀនគាត់អំពីសារៈសំខាន់នៃការថែទាំខ្លួនឯង — មិនត្រឹមតែរាងកាយប៉ុណ្ណោះទេ ថែមទាំងផ្លូវអារម្មណ៍ផងដែរ។

គាត់​ក៏​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន ដោយ​ដឹង​ថា ​អ្នក​រាល់​គ្នា​ប្រឈម​មុខ​នឹង​ឧបសគ្គផ្សេងៗ។ ការយកចិត្តទុកដាក់ និងទឹកចិត្តដ៏ល្អដែលគាត់បានទទួល ធ្វើឱ្យគាត់ដឹងពីឥទ្ធិពលនៃការមានការគាំទ្រដ៏រឹងមាំ ហើយឥឡូវនេះ គាត់ព្យាយាមផ្តល់ការគាំទ្រដូចគ្នានេះដល់អ្នកដែលនៅជុំវិញខ្លួន។

Leaphy ចង់ឱ្យយុវវ័យ ផ្សេងទៀតដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ ដឹងថាពួកគេមិនមែននៅតែម្នាក់ឯងទេ។ គាត់បានចែកចាយថា៖ «ការគ្រប់គ្រងជំងឺទឹកនោមផ្អែម ត្បិតថាពិបាក ប៉ុន្តែអ្នកអាចធ្វើវាបាន។ វា​មិន​មាន​ន័យ​ថា យើង​មិន​អាច​សម្រេច​ក្តី​សុបិន​របស់ខ្លួនបាន​នោះ​ទេ»។ គាត់លើកទឹកចិត្តពួកគេឱ្យរក្សាភាពសុទិដ្ឋនិយម ស្នើសុំជំនួយនៅពេលពួកគេត្រូវការ ហើយបន្តធ្វើតាមអ្វីដែលពួកគេស្រឡាញ់។

រឿងរ៉ាវរបស់ Leaphy បង្ហាញឲ្យឃើញថា យើងមិនមែនគ្រាន់តែរស់នៅជាមួយជំងឺទឹកនោមផ្អែមនោះទេ ប៉ុន្តែ វាជាការរស់នៅពេញលេញ ដោយក្តីសង្ឃឹម សុភមង្គល និងភាពក្លាហាន។ គាត់ដឹងថា នឹងមានថ្ងៃលំបាក ប៉ុន្តែគាត់ក៏ជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្ត និងការគាំទ្រដ៏ត្រឹមត្រូវ គាត់អាចប្រឈមមុខនឹងបញ្ហាណាមួយដែលនឹងកើតឡើងបាន។ គាត់ចង់ចែករំលែកថា៖ «មិនថា មានឧបសគ្គអ្វីកើតឡើងចំពោះអ្នកក៏ដោយ អ្នករឹងមាំជាងអ្វីដែលអ្នកគិតទៅទៀត»។

សម្រាប់ Leapy ការរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែម មិនមែនគ្រាន់តែដឹងពីការចាក់ម្ជុល និងកម្រិតជាតិស្ករប៉ុណ្ណោះទេ វាគឺជាការស្វែងរកថាមពលរបស់គាត់ ដើរតាមក្តីសុបិន និងស្វែងរកភាពរីករាយក្នុងដំណើរជីវិតរបស់ខ្លួន។

រូបតំណាង ការបដិសេធ៖