
ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
គីមឃុន រស់នៅដោយភាពដ៏រឹងមាំជាមួយទឹកនោមផ្អែមប្រភេទទី ១
កែសម្រួលដោយ: 17.03.2025
“នៅពេលខ្ញុំមានទឹកនោមផ្អែមប្រភេទទី១ ជាលើកដំបូង ខ្ញុំនៅក្មេងខ្លាំងណាស់ ហើយក៏មិនដឹងថាតើរាងកាយរបស់ខ្ញុំមានបំរែបំរួលអ្វីខ្លះដែរ”។ គីមឃុន បានរំលឹកអំពីអតីតកាលរបស់គាត់ កាលពីគាត់ទើបតែដឹងថាមានទឹកនោមផ្អែមប្រភេទទី ១។ គាត់មានលេចចេញ នូវរោគសញ្ញាជាច្រើន ដែលគាត់មិនដឹងថាមកពីមូលហេតុអ្វីនោះទេ។ វាមានដូចជា ស្រេកទឹកខ្លាំងជាប់ជានិច្ច ឃ្លាន ញុំាច្រើនតែស្រកគីឡូ ចូលចិត្តញុំាភេសជ្ជៈផ្អែម និង កំលាំងក្នុងខ្លួនរបស់គាត់ប្រែប្រួល រហូតដល់ពេលដែលគាត់ទៅពេទ្យ ទើបគាត់ដឹងថា គាត់មានទឹកនោមផ្អែមប្រភេទទី ១។
ឪពុកម្តាយរបស់ គីមឃុនបានសួរសំណួរថា“ហេតុអ្វីកូនគាត់មានទឹកនោមផ្អែមប្រភេទទី ១?” ។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈភាពរឹងមាំរបស់គាត់ និងក្តីអាណិតចំពោះកូន គាត់បានលួងលោមគីមឃុនដោយក្តីស្រលាញ់ និងដោយមានការលើកទឹកចិត្ត ពីលោកយាយ លោកតា ពូមីង បងប្អូន គីមឃុន បានចាប់ផ្តើមរៀនរស់នៅជាមួយវា ។
វាជាការស្មុគស្មាញបំផុតក្នុងការគ្រប់គ្រងទឹកនោមផ្អែមប្រភេទទី១ ជាប្រចាំថ្ងៃជាពិសេសពេលកំរិតជាតិស្ករក្នុងឈាមមិនស្ថិតនៅក្នុងកំរិតមួយដែលល្អ។ “ដោយសារវាធ្វើអោយខ្ញុំឈឺ” គីមឃុនរៀបរាប់អំពីការចាក់ថ្នាំ ២ ដងក្នុងមួយថ្ងៃ និងត្រូវធ្វើការតាមដានជាតិស្ករចុងម្រាមដៃ ២ ទៅ ៤ ដងក្នុងមួយថ្ងៃ។ ដោយសារជំងឺនេះរុាំរ៉ៃ ហើយត្រូវប្រើថ្នាំអស់មួយជីវិត ពេលខ្លះគីមឃុនមានក្តីស្រម៉ៃមិនចង់មានជំងឺនេះទេ ។ ការគ្រប់គ្រងកំរិតជាតិស្ករគឺ ល្អប៉ុន្តែក៏មានពេលខ្លះ ចុះពេករហូតធ្វើឱ្យគាត់សន្លប់ (នៅពេលដែលគាត់លេងកីឡាយូរលើសពី១ម៉ោង)។
កាលពីចាប់ផ្តើមដំបូង គាត់ប្រើ អាំងស៊ុយលីនឈ្មោះ Actrapid និង Insulatard ដោយការចាក់លាយបញ្ចូលគ្នា។ គីមឃុនឃើញថាថ្នាំនេះជួយគាត់ក្នុងការគ្រប់គ្រងជាតិស្ករប្រចាំថ្ងៃ ប៉ុន្តែក៏វាមិនបានល្អរហូតនោះទេ។ “នៅពេលដែលខ្ញុំបានរៀនចប់ ថ្នាក់វិទ្យាល័យ ខ្ញុំនៅមិនទាន់ស្វែងយល់អំពីជំងឺនេះនៅ ឡើយបន្ទាប់មកខ្ញុំបានបន្តចូលរៀន បរិញ្ញាប័ត្រ គិលានុបដ្ឋាក ក៏ខ្ញុំបានយល់ច្រើនបន្ថែម អំពីជំងឺនេះ រហូតខ្ញុំបានបញ្ចប់ការសិក្សារយៈពេល ៤ឆ្នាំ ខ្ញុំក៏បានចូលធ្វើការនៅអង្គការ ១ដែលធ្វើការជាមួយអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ក៏ធ្វើឱ្យខ្ញុំរិតតែយល់ច្បាស់អំពី ជំងឺនេះ របៀបនៃការគ្រប់គ្រង និងវិធីបង្ការ ផលប៉ះពាល់នៃជំងឺ។”
គាត់តែងតែទទួលបានការសួរសុខទុក្ខនិងការលើកទឹកចិត្តពីក្រុមគ្រួសារ មិត្តភក្តិ បងប្អូន អ៊ំ ពូមីងរបស់គាត់។
“ក្នុងឆ្នាំ ២០០១ ខ្ញុំបានរៀបការជាមួយភរិយាស្រស់ស្អាត និងជាទីស្រលាញ់របស់ខ្ញុំ គាត់តែងតែចំអិនអាហារដែលផ្តល់នូវសុខភាពល្អ គាំទ្រនិងលើកទឹកចិត្តខ្ញុំជានិច្ច។” គីមឃុនចែករំលែកអំពីជីវិតរៀបការរបស់គាត់។
នៅពេលគាត់ក្រលេកមើលពីជីវិតរបស់គាត់ គីមឃុនបានចែករំលែកដល់អ្នកដែលរស់នៅជាមួយទឹកនោមផ្អែមប្រភេទទី ១ ថា “ដំណើរជីវិតមិនងាយស្រួលនោះទេ ប៉ុន្តែតាមរយៈការលើកទឹកចិត្ត និងការគាំទ្រពីក្រុមគ្រួសារ និងមិត្តភក្តិ បងប្អូន រួមជាមួយចំនេះដឹងដែលខ្ញុំរៀនបន្តិចម្តងៗ ពីទឹកនោមផ្អែមប្រភេទទី១ ជួយខ្ញុំអោយរស់នៅ និងគ្រប់គ្រងវាបាន”។