ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
ឈប់យល់ច្រឡំទៀត! អ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ នឹងកាន់តែប្រសើរបើដឹងគន្លឹះទាំងនេះ
កែសម្រួលដោយ: 06.05.2026
ឲ្យតែអ្នកដែលរស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) សុទ្ធតែត្រូវរងទុក្ខបុកម្នេញ ឬផលវិបាក រកតែពេលស្រួលខ្លួនមិនបានគ្រប់វិនាទី (២៤/៧) មែនទេ? ចុះធ្វើម៉េចទើបអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមឲ្យកាន់តែល្អ?
មិនខុសទេ បើគិតឃើញបែបនេះ។ មែនទែនទៅសហគមន៍អ្នកជំងឺទឹកនោមផ្អែមនៅអាស៊ីច្រើនរាប់មិនអស់ កម្រនឹងលើកឡើងពីបញ្ហាអស់នេះមកជជែកវែកញែកណាស់ ដែលជាហេតុបង្កជាការយល់ច្រឡំ ឬចេះតែយល់ឃើញតាមគ្នាដោយមិនត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ។ អ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) ច្រើនណាស់មិនមែនតែអ្នកនោះទេ ដែលយល់ខុសបែបនេះ ហើយរស់នៅក្រោមគំនាបរបបអាហារនិងទម្លាប់រស់នៅប្រចាំថ្ងៃ ដោយយល់ថា សុខភាពអ្នក T1D បើមិនធ្វើដូច្នេះទេ ស្ថានភាពជំងឺនឹងកាន់តែលំបាក ឬគ្រោះថ្នាក់ដល់អាយុជីវិតជាដើម។
ជាក់ស្ដែងក្នុងអត្ថបទនេះ នឹងពន្យល់ពីសេរីភាព ចាកឲ្យផុតពីកង្វល់តែមួយជ្រុងនេះ ហើយអ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) នៅតែបន្តរបស់នៅប្រកបដោយសុខភាពល្អធម្មតា។ កំពុងតែឆ្ងល់ហើយមែនទេថាត្រូវធ្វើម៉េចខ្លះ?
អ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) Ron Aves ដែលបានធ្វើរោគវិនិច្ឆ័យនៅឆ្នាំ ២០១៧ បានចែករំលែកបទពិសោធន៍ជុំវិញបញ្ហានេះដូច្នេះថា៖ “ខ្ញុំរស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) ផ្ទាល់ ការផ្លាស់ប្តូររបបអាហារនិងរបៀបរស់នៅ បង្កផលលំបាកដល់ខ្ញុំច្រើនណាស់។ ខ្ញុំអត់ជម្រើសទេ ក្រៅពីព្យាយាមប្រឹងសម្របខ្លួនបន្តិចម្តងៗ បើចង់មានសុខភាពល្អបានរស់នៅធម្មតាដូចគេឯង។ ខ្ញុំបាក់ទឹកចិត្តខ្លាំង ហើយអស់សង្ឃឹមរលីងក្នុងឆាកជីវិត ពេលដែលគ្រូពេទ្យបញ្ជាក់ថា ខ្ញុំមានទឹកនោមផ្អែមប្រភេទ១។ ថ្ងៃនេះ ខ្ញុំចង់ប្រាប់អ្នកទើបទទួលរោគវិនិច្ឆ័យនិងដឹងថាខ្លួនមាន T1D ដោយក្ដីស្រឡាញ់ថា T1D ប្រៀបដូចជាការរត់ម៉ារ៉ាតុង អ៊ីចឹង មិនមែនជាប្រណាំងរត់ប្រណាំងទេ។ ជាគោលដៅរបស់យើងដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ គឺត្រូវខិតខំស្វែងរកចំណុចកណ្ដាលមួយដែលល្អសម្រាប់យើង និង ល្អទាំង T1D”។
អ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) ច្រើនណាស់មិនត្រឹមតែខិតខំតស៊ូជាមួយជំងឺដើម្បីតែបានដង្ហើមរស់ទេ ប៉ុន្តែក្នុងចំណោមអ្នកទាំងនោះជាច្រើនខំពុះពារណាស់ដើម្បីការរីកចម្រើនដើម្បីសម្រេចគោលដៅ ទោះជាស្ថិតក្នុងស្ថានភាពលំបាកដូចជា ខ្វះខាតសេវាសុខាភិបាល ឬការលើកទឹកចិត្តក៏ដោយ។ អ្នករស់នៅជាមួយ T1D នៅប្រទេសយើង ប្រទេសជិតខាងយើង ឬនៅតាមបណ្ដាប្រទេសនានានៅទ្វីបអាស៊ី ទាំងមូលគឺ ខិតខំទាំងកម្លាំងកាយចិត្តដោយខ្លួនឯងផ្ទាល់ មិនឈប់ឈរ គ្រប់វិនាទី ដើម្បីផ្លែផ្កាជីវិត និងក្ដីស្រម៉ៃរបស់ខ្លួន។
បានអានប៉ុណ្ណេះ យល់ខ្លះហើយត្រូវអត់? យើងខ្លួនឯងក៏មានក្ដីស្រមៃដែលចង់ជំនះសម្រេចឲ្យបានដែរត្រូវអត់?
តោះ! ឥឡូវងាកមកពិចារណាថាតើ វិទ្យាសាស្ត្រជួយដល់ជម្រើសនៃការរស់នៅប្រចាំថ្ងៃរបស់អ្នក T1D វិញម្ដងថាមានអ្វីខ្លះ។
ការគ្រប់គ្រងបញ្ហាទឹកនោមផ្អែមប្រភេទទី១ (T1D) មិនត្រឹមតែអាំងស៊ុយលីនមួយមុខនោះទេ គឺមានជម្រើសច្រើនដែលទាមទារឲ្យការយកចិត្តទុកដាក់ថែទាំខ្លួនឯងផ្ទាល់តាមរយៈការរៀបចំរបបអាហារ លំហាត់ប្រាណ ការគេងឲ្យបានគ្រប់គ្រាន់ស្កប់ស្កល់ ថែរក្សាសុខភាពផ្លូវចិត្តឲ្យល្អ មិនជក់បារី ឬធ្វើសកម្មភាពមិនល្អណាដែលប៉ះពាល់ដល់សុខភាព។ ជាអ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) និងវេជ្ជបណ្ឌិតគួរតែធ្វើសហការគ្នា ដើម្បីបង្កើតផែនការថែទាំនិងតាមដាន ដែលអាចអនុវត្តបានពិតប្រាកដ។ នេះបើយោងតាមការចេញផ្សាយរបស់សមាគមន៍ទឹកនោមផ្អែមសហរដ្ឋអាមេរិក ដែលចេញផ្សាយកាលពីឆ្នាំ ២០១៧ ហៅកាត់ថា ADA (American Diabetes Association, 2017)។
ខាងក្រោមនេះជាគន្លឹះបែបវិទ្យាសាស្ត្រដែលអ្នកជំនាញពីស្ថាប័ននានា និងអង្គការ ADA ផ្តល់អនុសាសន៍ ដើម្បីឲ្យអ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) អនុវត្ត។ ដំបូន្មានពីអ្នកវិទ្យាសាស្ត្រមានដូចជា៖
គន្លឹះនៃការរៀបចំរបបអាហារសម្រាប់អ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D)
ការរាប់កាបូអ៊ីដ្រាត ជួយឲ្យអ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) អាចកំណត់ បរិមាណអាំងស៊ុយលីន តាមប្រភេទ និងបរិមាណកាបូអ៊ីដ្រាតបានទទួលទាន។ វិធីនេះអាចឲ្យអ្នកជំងឺ មានជម្រើសអាហារកាន់តែច្រើន ដើម្បីអាចរក្សាបរិមាណជាតិស្ករក្នុងឈាមឲ្យមានលំនឹងល្អ។ បើរបបអាហារល្អ នោះឱកាសនៃការបង្កវិបាកនានារបស់អ្នកជំងឺទឹកនោមផ្អែម ឬជំងឺផ្សេងៗក៏កាន់តែទាបទៅតាមហ្នឹងដែរ។ នេះបើយោងតាមការចេញផ្សាយកាលពីឆ្នាំ ២០០៧ របស់ Van Horn, 2007)។
កាបូអ៊ីដ្រាត មានផលប៉ះពាលខ្លាំងលើជាតិស្ករក្នុងឈាម។ យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ខ្លាញ់ ប្រូតេអ៊ីន និង កម្រិត Glycemic Index (GI) គឺពិតជាបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមប្រែប្រួលពិតមែន ឬសូម្បីតែពេលដែលគណនាបរិមាណអាំងស៊ុយលីន (Insulin dose) ។ កត្តាពេលវេលាក៏រាប់ចូលថាសំខាន់ដែរ។ ជាក់ស្ដែងដូចជាការចាក់អាំងស៊ុយលីនមុនទទួលទានអាហារប៉ុន្មាននាទី ដើម្បីជួយរក្សាជាតិស្ករក្នុងឈាមឲ្យមានស្ថិរភាព និងកាត់បន្ថយការកើនឡើងកម្រិតជាតិស្ករបន្ទាប់ពីបរិភោគរួច (Marsh, 2022)។
ការទទួលអាហារដែលមានសុខភាពល្អ ក៏ជួយឲ្យអ្នកមាន អារម្មណ៍ល្អ និងទំនាក់ទំនងវិជ្ជមានជាមួយអាហារ ផងដែរ។ ជម្រើសឆ្លាតវៃនឹងផ្តល់ថាមពលសម្រាប់រាងកាយ និងគាំទ្រការគ្រប់គ្រងជំងឺទឹកនោមប្រចាំថ្ងៃ (Tips for Eating Well, n.d.)។
គោលការណ៍អាហារសុខភាពងាយៗពី "គន្លឹះសម្រាប់រៀបចំអាហារឲ្យល្អ (n.d.)" មានដូចជា៖
បង្កើតរបបអាហារបន្លែមិនមានជាតិម្សៅឲ្យបានពាក់កណ្ដាលចាន ហើយចៀសវាងបន្លែមានជាតិម្សៅខ្ពស់
ជ្រើសរើសប្រភេទប្រូតេអ៊ីនមានជាតិខ្លាញ់ទាប
បញ្ចូលអាហារដែលមានសរសៃជាតិខ្ពស់ដូចជា គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ និងទឹកដោះគោសម្រាប់អ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D)
កាត់បន្ថយអាហារបន្ថែមស្ករ ឬអាហារកែច្នៃបន្ថែមអាហារជាតិខ្លាញ់ល្អ ដូចជា គ្រាប់សណ្តែក ឬប្រេងអូលីវ
ផឹកទឹកស្អាតឬភេសជ្ជៈគ្មានកាឡូរី ជំនួសភេសជ្ជៈផ្អែម។
ចលនារាងកាយនិងលំហាត់ប្រាណសម្រាប់អ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D)
របៀបរស់នៅប្រចាំថ្ងៃមានសារៈសំខាន់សម្រាប់អ្នក T1D។ សមាគមន៍អ្នកជំងឺទឹកនោមផ្អែមសហរដ្ឋអាមេរិក (American Diabetes Association Professional Practice Committee, 2025) បានចងក្រងនិងចេញផ្សាយគន្លឹះល្អៗ សម្រាប់អ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) យកទៅអនុវត្តប្រចាំថ្ងៃដូចខាងក្រោម៖
ចលនាច្រើន អារម្មណ៍ល្អ៖ ការហាត់ប្រាណ ឬចលនាឲ្យបានជាប់លាប់រាល់ថ្ងៃ ពិតជាជួយ បង្កើនថាមពល រក្សាលំនឹងជាតិស្ករក្នុងឈាមឲ្យមានស្ថិរភាព ក៏ដូចជាវិជ្ជមានដល់កត្តា សុខភាពទូទៅដែរ។
អង្គុយតិច លេងច្រើន៖ កំណត់ពេលវេលាមើលទូរស័ព្ទ ឬអេក្រង់កុំព្យូទ័រ ច្រើនបំផុត ២ ម៉ោងក្នុងមួយថ្ងៃ។ ការដែលចំណាយពេលអង្គុយកាន់តែតិច ធ្វើឲ្យការគ្រប់គ្រងជាតិស្ករក្នុងឈាមកាន់តែប្រសើរ ហើយអារម្មណ៍ក៏ល្អទៅតាមហ្នឹងដែរ។
អារម្មណ៍៖ ដើម្បីកាត់បន្ថយអារម្មណ៍ស្ត្រេស ត្រូវញ៉ាំអាហារសុខភាព និងធ្វើចលនាប្រចាំថ្ងៃ។ ពិភាក្សាជាមួយអ្នកជំនាញផ្លូវចិត្ត អាចជួយឲ្យយល់ពី បញ្ហាផ្លូវចិត្ត អារម្មណ៍ និងសកម្មភាព ដើម្បីធ្វឲ្យមានអារម្មណ៍ល្អ។
ពិនិត្យការរៀបចំថ្ងៃប្រចាំ៖ ឧស្សាហ៍ពិនិត្យឡើងវិញពីដំណេក វេនធ្វើការដែលផ្លាស់ប្ដូរជាប្រចាំ (ករណីប្ដូរវេនការងារ) ទម្លាប់ពេលឈប់សម្រាក ឬថ្ងៃចុងសប្តាហ៍ ក៏អាច ប៉ះពាល់ដល់ជាតិស្ករ ទម្ងន់ និងសុខភាពទូទៅដែរ។
ច្បាស់ណាស់ថា ពេលអ្នកជំងឺណាម្នាក់ ក្រោយលទ្ធផលជាក់លាក់ផ្លូវការពីគ្រូពេទ្យជំនាញវិនិច្ឆ័យនិងអះអាងថា គេមានទឹកនោមផ្អែមប្រភេទទី១ (T1D) នោះ ចំណុចសំខាន់បំផុតគឺត្រូវបើកចិត្តទទួលយក ទទួលស្គាល់ការពិត និងការបោះជំហ៊ានបន្ទាប់ដើម្បីតស៊ូជាមួយ T1D។ ប្រការសំខាន់មិនអាចចោលបានគឺការចាប់ផ្តើម បង្កើតទម្លាប់រស់នៅវាក្នុងនាមជាអ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) ប៉ុន្តែអាចគ្រប់គ្រងវាបានដើម្បីមានសុខភាពល្អដូចគេឯងធម្មតា។ ក្នុងនោះការទទួលទានរបបអាហារឲ្យបានត្រឹមត្រូវតាមការណែនាំ ពិតជាអាចជួយឲ្យអ្នកមានបញ្ហានេះ អាចរស់នៅបានល្អ សុខភាពល្អ និងរីករាយ ទោះកំពុងមានជំងឺក៏ដោយ។
ការរស់នៅជាមួយ T1D ដាច់ខាត ទាមទារឲ្យគ្រប់គ្នាត្រូវយល់ និងដឹងច្បាស់ពីស្ថានភាពសុខភាពខ្លួន ទៅតាមស្ថានភាព និងពេលវេលា តាមរយៈអាការៈនានា។ ការណែនាំ ដើម្បីយកទៅអនុវត្តពិតជាអាចជួយនិងដោះស្រាយបញ្ហាឬផលវិបាកនានាបានយ៉ាងល្អ បើអនុវត្តបានត្រឹមត្រូវនិងទាន់ពេល ប៉ុន្តែ ករណីខ្លះតឹងរឹងពេក អាចត្រូវតាមលក្ខខណ្ឌជំងឺអ្នកជំងឺមួយចំនួន ព្រោះស្ថានភាពម្នាក់ៗមិនដូចគ្នាទេ។
រស់នៅនិងតស៊ូជាមួយ T1D អស់ ៤៣ឆ្នាំ Annie Lugay បានផ្ដល់ជាដំបូន្មានដល់អ្នកកំពុងរស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) ឯទៀតដូច្នេះថា៖ "ខ្ញុំអត់ជឿលើគោលការណ៍ រឹតត្បិតរបបអាហារតឹងរឹងពេកទេ តែខ្ញុំប្រកាន់ខ្ជាប់ការប្រុងប្រយ័ត្នជានិច្ចមិនធ្វេសប្រហែសពេកទេ"។
ចុះគាត់ជំនះឧបសគ្គអស់នេះដោយរបៀបណា?
លើកឡើងដូច្នេះ Annie បន្ថែមគន្លឹះសម្រាប់ជាគំនិតថា៖
ញ៉ាំឲ្យឆ្លាតហើយសម្របខ្លួន៖ ខ្ញុំរាប់កាបូអ៊ីដ្រាត និងបរិមាណអាហារដែលបានញ៉ាំ និងកែតម្រូវ បរិមាណអាំងស៊ុយលីន តាមតម្រូវការ។ បើខ្ញុំញុំាច្រើន ខ្ញុំដឹងខ្លួនថាត្រូវមានចលនារាងកាយច្រើនជាងទៅតាមហ្នឹងដែរ។ ខ្ញុំសប្បាយចិត្តដែលញ៉ាំអាហារចូលចិត្តបានច្រើន ប៉ុន្តែខ្ញុំអត់ញ៉ាំតាមចិត្តឃ្លានទេ ខ្ញុំប្រាកដចិត្តថារបស់ដែលខ្ញុំបានញ៉ាំ គឺសុវត្ថិភាព តែខ្ញុំដឹងថាញ៉ាំក្នុងកម្រិតណា ហើយគួរធ្វើអីបន្តក្រោយញ៉ាំ។ ពិសេសពេលយប់ ខ្ញុំកំណត់កម្រិតបរិមាណកាបូអ៊ីដ្រាត ត្រឹមតែ 15–30 ក្រាម ទេ។
ធ្វើចលនារាងកាយឲ្យច្រើន ទោះតិចតួចក៏ដោយ៖ ការអង្គុយយូរពេកអាចធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់។ ដូច្នេះ ខ្ញុំធ្វើលំហាត់ប្រាណដោយដើរលឿនៗ និងកំណត់ម៉ោងរោទិ៍ ដើម្បីសម្រាកវិញឲ្យបាន ៥នាទី។ ខ្ញុំទម្លាប់ធ្វើបែបនេះ ៣ ដងក្នុងមួយសប្ដាហ៍ ហើយលំហាត់ប្រាណសាមញ្ញាៗខ្ញុំគឺធ្វើចលនាស្រាលៗ ឬកំហិតថាដើរឲ្យបាន ៥ពាន់ ជំហានក្នុងមួយថ្ងៃ។
ព្យាយាមកុំប៉ះពាល់ម៉ោងពេលគេង៖ ការគេងស្កប់ស្កល់ ឲ្យបានគ្រប់គ្រាន់ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នក T1D ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមឲ្យមានប្រសិទ្ធភាពខ្ពស់។ ជាក់ស្ដែងខ្ញុំចូលគេងចន្លោះម៉ោង ៩-១០ យប់ ធ្វើយ៉ាងណាគេងឲ្យបាន ៦–៧ ម៉ោង។ ត្រូវចាំថា បើគេងល្អនោះ ជាតិស្ករក្នុងឈាមក៏ប្រសើរឡើងទៅតាមនោះដែរ។ ខ្ញុំចាត់ទុកពេលវេលាគេងរបស់ខ្ញុំ ជាចំណែកដ៏សំខាន់នៃផែនការថែទាំសុខភាពរបស់ខ្ញុំ មិនមានអីជំនួសបានឡើយ។
ការរស់នៅជាមួយ T1D មិនងាយឡើយ តែមិនអីទេ។ អ៊ីចឹងព្រមទទួលយកតែមិនធ្វើចិត្តឲ្យស្មុគស្មាញឬពិបាកពេកឡើយ។ ទោះជាមានផលរំខានខ្លះ ធ្វើមិនល្អឥតខ្ចោះក៏ដោយ ក៏មិនចាំបាច់ស្ត្រេស តានតឹងពេកដែរ។
ងាកមកស្ដាប់ការចែករំលែករបស់អ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) Ron Aves រស់ជាមួយ T1D អស់ ៩ ឆ្នាំ ចែករំលែកបន្ថែមថា៖"មេរៀនជីវិត ៩ ឆ្នាំមកនេះបង្រៀនខ្ញុំថា មិនថាខ្ញុំខំតាំងចិត្តនិងយកចិត្តទុកដាក់ខ្លាំងចំពោះគ្រប់មូលហេតុទាំងអស់ដែលបង្កឲ្យជាតិស្ករក្នុងឈាមខ្ញុំឡើងចុះ នៅតែមានពេលខ្ញុំភ្លាត់ ធ្លោយហើយធ្វើឲ្យស្ករឡើងចុះ ទាល់តែបាន ហើយពេលខ្លះ ខ្ញុំអត់ចាប់អារម្មណ៍ ឬអត់ទាំងដឹងថាមូលហេតុអីបានវាឡើងឬចុះផង។ និយាយបែបនេះ ប្រហែលជាអ្នកកំពុងអាននេះ អត់ទាន់ជឿខ្ញុំទេ តែមិនអីទេ ព្រោះពេលកើតឡើងក្រោយការធ្វេសប្រហែសហើយ យើងក៏នៅតែអាចកែខៃស្ថានការណ៍ធ្វើឲ្យជាតិស្ករយើងប្រែមកធម្មតាវិញបាន។
មានចំណុចជាច្រើនទៀតដែលអាចជួយយើងឲ្យសម្រេចការផ្លាស់ប្ដូរវិជ្ជមានធំៗដូចជា៖
កត់ត្រាទម្លាប់របស់ខ្ញុំ៖ មិនថាខ្ញុំខំចាក់អាំងស៊ុយលីនច្រើនប៉ុណ្ណានោះទេ អាហារដែលបានបរិភោគ និងជាតិស្ករបន្ទាប់ពីអាហារជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់កំណត់ចំណាំ។ សូមបើកចិត្តចាប់ផ្ដើមកត់ត្រា ចំណាំខ្លួនឯងបណ្ដើរៗ ព្រោះក្រោយចាក់ថ្នាំ និងញ៉ាំអាហារ អ្នកអាចញ៉ាំអីផ្សេងទៀត ឬធ្វើសកម្មភាពអីផ្សេងទៀតដែលបណ្ដាលឲ្យប្រែប្រួលកម្រិតជាតិស្ករក្នុងឈាម។ គួរចាប់ផ្ដើមកត់ត្រាទម្លាប់អស់នោះបណ្ដើរៗពីឥឡូវទៅ។
លំហាត់ប្រាណទៀងទាត់៖ មិនថាដើរ រត់ ឬលើកទំងន់ទេ សកម្មភាពណាដែលគិតថាអ្នកចូលចិត្ត ឬគិតថាងាយស្រួលសម្រាប់ខ្លួនឯង គួរបង្កើតទម្លាប់ហាត់ប្រាណឲ្យបានទៀងទាត់កុំខាន។ ចាប់ផ្ដើមបណ្ដើរៗជារឿងល្អ។
ទំនាក់ទំនងនិងសហគមន៍៖ បើមានដៃគូរដែលអាចពិភាក្សាគ្នាបានពីការលំបាកនានា ឲ្យបានធូរចិត្ត ឬជាជំនួយផ្លូវចិត្តជារឿងគួរតែមាន។ កុំទម្លាប់ផ្ដាច់ខ្លួននៅតែឯង ព្រោះទោះជាខំរែកពុនតែឯង ក៏មិនឈ្នះរង្វាន់ឈ្នះពាន ឬមេដាយអីដែរ។
ចំណុចគួរដឹង ពិចារណានិងទទួលស្គាល់គឺ ត្បិតតែយើងកើតមកមានទឹកនោមផ្អែមប្រភេទទី១ (T1D) ក៏ពិតមែន ត្រូវរស់នៅដោយមានវានៅជាមួយក៏ពិតមែន ក៏ប៉ុន្តែមិនមែនយើងត្រូវរស់នៅ និងលះបង់អ្វីៗគ្រប់យ៉ាងដើម្បីតែបញ្ហាទឹកនោមផ្អែមប្រភេទទី១ ហ្នឹងពេញមួយជីវិតឯណា។ ស្ដាប់ទៅស្រដៀងគ្នា តែសុំអានហើយពិចារណាម្ដងទៀត។
ទោះបីមានការលំបាកបែបណាក៏ដោយ...
យើងខ្លួនឯងត្រូវតែញ៉ាំអាហារសុខភាពដើម្បីមានអារម្មណ៍ល្អនិងស្មារតីរឹងមាំយើងខ្លួនឯងត្រូវខំហាត់ប្រាណ ឬធ្វើចលនារាងកាយដើម្បីរាងកាយកាន់តែមាំទាំ។
យើងមិនត្រឹមតែរស់រាន ដើម្បីតែបានដង្ហើមដកទទេៗនោះទេ ប៉ុន្តែយើងរស់នៅដោយសប្បាយរីករាយ តស៊ូ និងមិនធ្លាក់ខ្លួន ឬបណ្ដោយខ្លួនជាទាសករទឹកនោមផ្អែមប្រភេទទី១ ឡើយ ព្រោះច្បាស់ណាស់ថាយើងជាអ្នកគ្រប់គ្រងវាបាន ១០០%។ ត្រូវដឹងច្បាស់ថា យើងជាម្ចាស់ ជាអ្នកគ្រប់គ្រងវាបានមែន មិនមែនវាជាអ្នកគ្រប់គ្រងយើងទេ។
ខ្ញុំជឿជាក់១០០% ថាអ្នកក៏អាចធ្វើបានដូចគ្នា ស៊ូៗកុំចុះចាញ់ :)