ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
គន្លឹះក្នុងការថែទាំមាត់ធ្មេញរបស់អ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី ១ (T1D)
កែសម្រួលដោយ: 06.05.2026
ពេលវេលាលឿនណាស់ អត់រង់ចាំអ្នកណាម្នាក់ទេ។ ធ្មេចបើកៗ វ័យកាន់តែជ្រេ ដោយមិនរើសមុខ មិនថាជាសិស្សនិស្សិត ជាមេគ្រួសារ អ្នកធ្វើការ អ្នករកស៊ី ដែលកំពុងតែគ្រប់គ្រងស្ថានភាពជំងឺទឹកនោមផ្អែមប្រភេទ១ (T1D) អាចមើលរំលងពីការថែទាំមាត់ធ្មេញដោយងាយ។ តើអ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) គួរធ្វើបែបណា ទើបថែទាំមាត់ធ្មេញបានល្អ?
បញ្ហាមាត់ធ្មេញគ្រប់គ្នាសុទ្ធតែដឹងហើយថាសំខាន់ ហើយខំថែទាំនិងសម្អាតរាល់ថ្ងៃ ប៉ុន្តែបញ្ហានៅត្រង់ថា ថាតើយើងគ្រប់គ្នានៀក ថែទាំដោយប្រសិទ្ធភាពកម្រិតណា។ ហ្នឹងហើយជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់និងក្រើនរំលឹក ព្រោះថាបើសិនជាថែទាំអត់បានល្អ វាអាចនឹងជះផលអវិជ្ជមានជាច្រើនដូចជា បង្កការឈឺចាប់ ឆ្លងមេរោគ ដែលជាហេតុបង្កផលវិបាកក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម ព្រោះយើងកំពុងរស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) ដែលទាមទារការថែទាំនិងយកចិត្តទុកដាក់ជាប្រចាំស្រាប់។ ដូច្នេះ ការដុសសម្អាត ខ្ពុរមាត់ជាប្រចាំ និងទៅពិនិត្យជាមួយទន្ដពេទ្យជាប្រចាំ ជាទម្លាប់ល្អបំផុត។
ចម្លើយសាមញ្ញហើយខ្លីគឺ ច្បាស់ណាស់ប្រាកដជាមាននិងពាក់ព័ន្ធគ្នាកាត់ផ្ដាច់មិនបាន។ សុខភាពមាត់ធ្មេញនិងកម្រិតជាតិស្ករក្នុងឈាមមានចំណងទាក់ទងគ្នាកាត់ផ្ដាច់មិនបានលើសពីអ្វីដែលយើងគ្រប់គ្នាគិត។ តើបងប្អូនយើងដឹងទេថា កាលណាសុខភាពខ្យល់ដង្ហើមយើងល្អ កម្រិតជាតិស្ករក្នុងឈាមយើងក៏មានលំនឹងល្អដូចគ្នាដែរ។ ផ្ទុយទៅវិញ បើមាត់ធ្មេញឬអញ្ចាញធ្មេញយើងមានដាច់រលាត់ ហើមប៉ោង ឬហូរឈាម បញ្ហាទាំងនោះជាសញ្ញាមួយចំនួនដែលបញ្ជាក់ឲ្យយើងដឹងថា យើងកំពុងមានបញ្ហាខ្យល់ដង្ហើមហើយ។ បើមិនអើពើ ឬបណ្ដោយឲ្យបញ្ហា ឬជំងឺមាត់ធ្មេញមិនយកចិត្តទុកដាក់ នោះជាតិស្ករក្នុងឈាមនឹងប្រែប្រួល និងពិបាកគ្រប់គ្រង។
តើអ្នកដឹងទេថា អ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) មានហានិភ័យខ្ពស់ ប្រឈមនឹងការកើតជំងឺមាត់ធ្មេញ ឬបញ្ហាមាត់ធ្មេញ ដោយសារជាតិស្ករខ្ពស់ធ្វើឲ្យប្រព័ន្ធភាពស៊ាំខ្សោយ និងបើពេលយូរទម្រាំជាសះស្បើយ។ ការស្រាវជ្រាវបានបង្ហាញថា ជំងមាត់ធ្មេញធ្ងន់ធ្ងរ (Periodontitis) អាចបង្កឲ្យមានការរលាកពេញរាងកាយ (Pussinen និង Salomaa, 2018)។ បើមានការរលាកមែន នោះហានិភ័យបញ្ហាបេះដូង តម្រងនោម និងសរីរាង្គផ្សេងៗ ក៏កើនឡើងខ្ពស់ទៅតាមនោះដែរ។ គ្រាដែលអ្នកជំងឺគ្រប់គ្រងស្ថានភាពទឹកនោមផ្អែមមិនបានល្អ ច្បាស់ណាស់វាធ្វើឲ្យប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយដូចគ្នាដែរ។ ដូច្នេះការប្រយុទ្ធប្រឆាំងជំងឺឆ្លង និងការជាសះស្បើយមុខរបួសយឺត ហើយនឹងបណ្ដាលឲ្យជំងឺអញ្ចាញធ្មេញ ឬជំងឺមាត់ធ្មេញកាន់តែធ្ងន់ទៅៗ។
អ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) ភាគច្រើនមានបញ្ហាឡើងចុះជាតិស្ករញញឹកញាប់ ជាពិសេសជាតិស្ករចុះទាបពេលយប់ (hypoglycemia)។ ដូច្នេះ ពេលដែលដឹងថាជាតិស្ករចុះទាបភ្លាមៗ ត្រូវឲ្យ T1D ត្រូវញ៉ាំចំណីចំណុកផ្អែមដូចជានំ ស្ករគ្រាប់ ទឹកក្រូច ឬទឹកផ្លែឈើ ដើម្បីឲ្យជាតិស្ករក្នុងឈាមប្រែមកល្អ មានលំនឹងប្រក្រតីវិញ ក៏ប៉ុន្តែបន្ទាប់ពីញ៉ាំរួច អ្នក T1D មួយចំនួនមិនសូវយកចិត្តទុកដាក់ សម្អាតមាត់ធ្មេញឲ្យបានល្អទេ។ នេះហើយជាដើមចមបណ្ដាលឲ្យខូចខាតឬបង្កជាជំងឺមាត់ធ្មេញ។
តើអ្នកដឹងទេ នៅពេលដែលកម្រិត pH ក្នុងមាត់ (ដែលវាមានមុខងារសម្រាប់វាស់កម្រិតជាតិផ្អែម ឬអាស៊ីត) មិនត្រឡប់ទៅស្ថានភាពធម្មតាវិញ ក្រោយពីញ៉ាំរបស់ (មិនថាចំណី ឬភេសជ្ជៈ) ផ្អែមហើយ ដើម្បីដោះស្រាយ ឬព្យាបាលការធ្លាក់ចុះជាតិស្ករក្នុងឈាមទាប វាអាចធ្វើឲ្យសារធាតុការពារធ្មេញ ឬយើងហៅថាអ៊ីណាមែល ខូចខាតបាត់បង់មុខងារ។ ជាតិស្ករដែលសេសសល់ក្នុងមាត់មិនបានសម្អាត នឹងក្លាយជាចំណីរបស់បាក់តេរីក្នុងមាត់ តាមរយៈការបង្កើតអាស៊ីត ដែលប៉ះពាល់ដល់សារធាតុការពារធ្មេញ។ យូរៗទៅ បញ្ហានេះវាអាចបង្កឲ្យធ្មេញខូចខាតពុកបង្កជាប្រហោងឬរន្ធធ្មេញ បង្កជាជំងឺអញ្ចាញធ្មេញ និងបញ្ហាមាត់ធ្មេញជាច្រើនទៀត។
ករណីជាក់ស្ដែងជាការចែករំលែករបស់អ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) ក្រោយធ្វើរោគវិនិច្ឆ័យនិងរស់នៅជាមួយបញ្ហាហ្សែននេទិកទំណពូជនេះ អស់ពេល ៩ឆ្នាំ លោក Jyotsana Rangeen បានផ្ដល់ជាបទពិសោធន៍ឲ្យអ្នកដែលរស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) ដូចលោកដូច្នេះថា៖
ជាតិស្ករចុះទាបកណ្តាលយប់ ជាឧបសគ្គនិងផលវិបាករបស់អ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) គ្រប់ៗគ្នា ជាពិសេសពេលគេងហើយភ្ញាក់កណ្ដាលយប់ ហើយត្រូវទៅរកផ្លែឈើ ទឹកផ្លែឈើ ឬស្ករគ្រាប់ផ្អែមៗញ៉ាំ។ ខ្ញុំសង្កេតឃើញថា ជាតិស្ករបានប៉ះពាល់ដល់សុខភាពមាត់ធ្មេញ បើខ្ញុំអត់បានដុសធ្មេញ ឬខ្ពុរមាត់សម្អាតឲ្យបានត្រឹមត្រូវ។
សញ្ញាដំបូងដែលខ្ញុំបានកត់សម្គាល់គឺការបាត់បង់អ៊ីណាមែល (enamel)។ អ៊ីចឹងហើយទើបខ្ញុំបានចាប់ផ្តើមយកចិត្តទុកដាក់ថែទាំមាត់ធ្មេញពេលយប់ក្រោយញ៉ាំអីផ្អែមៗហ្នឹង។ ទម្លាប់ខ្ញុំឥឡូវនេះ គឺទុកច្រាសធ្មេញទន់ៗ និងទឹកខ្ពុរមាត់ នៅក្បែរគ្រែហ្មង។ ទម្លាប់តូចៗទាំងនេះមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់ខ្ញុំ។ ទោះជាខ្ញុំរស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) ក៏ពិតមែន ប៉ុន្តែខ្ញុំត្រូវតែសើចញញឹមដោយទំនុកចិត្តខ្ពស់និងអារម្មណ៍ស្រស់ស្រាយជាប្រចាំ។ ខ្ញុំរីករាយ ទទួលយក និងអនុវត្ត មេរៀនជីវិត ទោះជាទម្លាប់តូចៗក៏ដោយរាល់ថ្ងៃនេះ!
"របាយការណ៍អង្គការសុខភាពពិភពលោក WHO ឆ្នាំ 2017 និង Global Burden of Disease Study ឆ្នាំ 2015 បានបញ្ជាក់ថា បញ្ហារលួយធ្មេញ ឬជំងឺរលួយធ្មេញ (ធ្មេញប្រហោង) គឺជាបញ្ហាសុខភាពឧស្សាហ៍កើតមានសឹងគ្រប់ៗគ្នា និងច្រើនបំផុតលើពិភពលោក។ បញ្ហាប្រហោងធ្មេញ បង្កដោយការញ៉ាំអាហារផ្អែមៗមានជាតិស្ករច្រើន ហើយមិនលាងសម្អាតធ្មេញឲ្យបានល្អ។
បើមិនព្យាបាល ឲ្យបានលឿនឬទាន់ពេល ហើយចេះតែបង្អង់ៗ វាអាចបង្កឲ្យឈឺចាប់ពិបាកទ្រាំ ឆ្លងបាក់តេរី ពិបាកញ៉ាំអាហារ ឬសូម្បីពេលគេងក៏ដោយ។ កត្តានេះនឹងបង្កឲ្យមានបញ្ហាសុខភាពផ្សេងៗជាច្រើនទៀតបើមិនអើពើដោះស្រាយ ឬព្យាបាល។ ជាក់ស្ដែងមានអ្នក T1D ច្រើនណាស់នៅតាមតំបន់នានាដែលមានសេវាសុខាភិបាលមានកម្រិត។ ភាគច្រើនអ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ សម្រេចដកធ្មេញចោល ដោយសារខ្វះសេវាព្យាបាលត្រឹមត្រូវ។"
ទន្តបណ្ឌិតពីប៉ូឡូញ ដែលបានរស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) ៧ ឆ្នាំ លោកស្រីវេជ្ជបណ្ឌិត Dominika Antoniszczak បានលើកជាសំណួរនៅក្នុងការស្រាវជ្រាវខ្លួនថា “តើអ្នកគិតថាពេលជាតិស្ករក្នុងឈាមខ្ញុំធ្លាក់ចុះ (hypo) នៅម៉ោង ៣ ភ្លឺ ហើយខ្ញុំនៅតែដុសសម្អាតធ្មេញមែនអត់?” ការសិក្សាស្រាវជ្រាវរបស់ទន្តបណ្ឌិតរូបនេះគឺស្វែងយល់ពីបញ្ហានិងផលវិបាកនានាពីសំណាក់អ្នកមាន T1D ក្នុងការថែទាំធ្មេញ។
ទាំងនេះជារបាយការណ៍របស់ទន្តបណ្ឌិត Dominika Antoniszczak អំពីអ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) ដែលបានចេញផ្សាយកាលពី២០២២ (T1D (Antoniszczak et al., 2022)៖
បុរសម្នាក់ក្រោយរស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) អស់រយៈពេល ១៩ ឆ្នាំលើកឡើងបែបនេះ៖ “ខ្ញុំបានឆ្លងជំងឺអញ្ចាញធ្មេញកាលពីអាយុ ២៩ឆ្នាំ។ ខ្ញុំគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមមិនល្អ អង្កាល់នៅក្មេង ទើបធ្វើឲ្យស្ថានភាពខ្ញុំកាន់តែធ្ងន់។ អ៊ីចឹងហើយបានជា ធ្វើឲ្យប៉ះទង្គិចផ្លូវចិត្តខ្ញុំដល់សព្វថ្ងៃ។”
២៥ ឆ្នាំ រស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) ស្ត្រីម្នាក់បានចែករំឡែកថា៖ “ខ្ញុំអត់ញ៉ាំទឹកផ្លែឈើផ្អែមៗទេ ព្រោះមានជាតិអាស៊ីតច្រើន ហើយបណ្ដាលឲ្យធ្មេញប្រហោង តែចំណុចល្អទឹកផ្លែឈើផ្អែមៗអស់នេះជាវិធីល្អនិងជួយឲ្យបញ្ហាជាតិស្ករពេលចុះទាបឲ្យត្រឡប់មកល្អឡើងវិញ។”
ងាកមកជួបបុរសម្នាក់ទៀតក្រោយរស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) អស់ ៤០ ឆ្នាំអះអាងបន្ថែមដូច្នេះថា៖ “មុនប្រើវិធីសាស្ត្រដាក់សេនស័រតូចក្រោមស្បែក តាមដាននិងវាស់កម្រិតជាតិស្ករក្នុងឈាមជាប្រចាំ (CGM) ជាតិស្ករក្នុងឈាមខ្ញុំធ្លាក់សឹងរាល់យប់ (hypo) និងមានបញ្ហាមាត់ធ្មេញច្រើន។ តែជម្រើស CGM ក្រោយប្រើមកជួយខ្ញុំច្រើន អត់ធ្វើទុក្ខធ្លាក់ជាតិស្ករក្នុងឈាម (hypo) អីទៀតទេនៅពេលយប់ ហើយបញ្ហាមាត់ធ្មេញក៏ល្អជាងមុនច្រើនដែរ។”
ចុះបើឧស្សាហ៍ចុះជាតិស្ករពេលយប់ (hypo) គួរធ្វើម៉េច ពិសេសចំពោះអ្នកមានបញ្ហាមាត់ធ្មេញ? លោកស្រីទន្តបណ្ឌិត Dominika បានផ្ដល់គន្លឹះមួយចំនួនដើម្បីដោះស្រាយ ជាដំបូន្មានថា៖
បន្ទាប់ពីចុះជាតិស្ករពេលយប់ (hypo) អ្នកកំពុងរស់នៅជាមួយ T1D គួរបង្កើតទម្លាប់ដុសសម្អាតធ្មេញ និងខ្ពុរមាត់ ទោះប្រើទឹកស្អាតធម្មតា ឬទឹកខ្ពុរមាត់នោះទេ មុនពេលចូលដេកវិញ។
ជ្រើសរើសថ្នាំដុសធ្មេញដែលមានជាតិហ្វ្លអូរ៉ាយ (fluoride) មកប្រើ ឯកម្រិតត្រឹមណាល្អ គួរសុំយោបល់ ឬសួរទន្តពេទ្យឲ្យជួយណែនាំ និងប្រើប្រាស់ខ្សែសរសៃដើម្បីសម្អាតកម្ទេចជាប់ធ្មេញឲ្យបានទៀងទាត់ជាទម្លាប់។
កំណត់ពេលវេលាឲ្យបានទៀងទាត់ (ឧ. រៀងរាល់ ៦ខែម្ដង ឬ ១២ខែម្ដង) ទៅឲ្យទន្ដពេទ្យ (ពេទ្យធ្មេញ) សម្អាត ឬព្យាបាលបើចាំបាច់។
ការរក្សាជាតិស្ករនៅក្នុងឈាមចន្លោះ 70–180 mg/dL (3.9–10 mmol/L) យ៉ាងហោចណាស់ 70% នៃរយៈពេលមួយថ្ងៃ ឬប្រហែល 16 ម៉ោង គឺជួយការពារមាត់ធ្មេញ និងសុខភាពទូទៅបានល្អ។ នេះជាតួលេខទូទៅ ប៉ុន្តែដោយសារស្ថានភាពសុខភាពម្នាក់ខុសៗគ្នា ដូច្នេះបរិមាណកម្រិតជាតិស្កររបស់ម្នាក់ៗ យកល្អត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដែលដឹងពីស្ថានភាពខ្លួនផ្ទាល់។
ញញឹមឲ្យបានច្រើន! យកល្អ អ្នក T1D គួរទៅជួបទន្តបណ្ឌិតរៀងរាល់ ៦ ខែម្ដង ឬញឹកញាប់ជាងនេះបើចាំបាច់។ ការត្រួតពិនិត្យអាចរកឃើញបញ្ហាដំបូង និងការពារការរលួយ ឬប្រហោងធ្មេញ និងជំងឺអញ្ចាញនានា។
គួរចងចាំនិងអនុវត្ត៖ ទម្លាប់តូចៗប្រចាំថ្ងៃមានអត្ថប្រយោជន៍ធំហើយជួយអ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) បានច្រើន។ ការដុសសម្អាតធ្មេញ ទម្លាប់ខ្ពុរមាត់ ការប្រើខ្សែសរសៃឆ្កឹះសំណល់ចន្លោះធ្មេញ និងការកំណត់ពេលវេលាទៅពិនិត្យ មាត់ធ្មេញទៀងទាត់ គឺពិតជាជម្រើសល្អៗ ដែលអាចការពារបញ្ហាមាត់ធ្មេញ និងរាងកាយបាន។ ប្រាកដណាស់បើមាត់ធ្មេញមានសុខភាពល្អ សុខភាពរាងកាយក៏ល្អ ដែលនេះជាចំណែកដ៏ថ្លៃថ្លាគ្រប់ៗគ្នាប្រថ្នាចង់បាន ជាពិសេសអ្នក T1D។
ត្រូវការជំនួយបន្ថែម? អ្នកទាំងអស់គ្នាអាចស្វែងយល់គន្លឹះនិងការណែនាំជាច្រើនទៀតអំពី "ការរៀបចំខ្លួនមុនណាត់ជួបទន្ដពេទ្យ" (D. Antoniszczak & Periodontitis-Diabetes Hub, n.d.)
ចំណុចគួរចងចាំ៖ សកម្មភាពតូចៗតែបានផល។ សកម្មភាពតិចតួចតែបើខិតខំអនុវត្តឲ្យបានជាប់លាប់ជាប្រចាំ នោះមិនថាស្នាមញញឹម ឬសុខភាពមាត់ធ្មេញល្អនោះទេ សូម្បីតែសុខភាពយើងក៏ល្អទៅតាមហ្នឹងដែរ ទោះជាយើងរស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) ក៏ដោយ។