ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
បើមានទឹកនោមផ្អែមប្រភេទទី១ (T1D) ហើយ ស្រាប់តែមានជំងឺរ៉ាំរៃផ្សេងទៀតខ្ញុំគួរធ្វើបែបណា?
កែសម្រួលដោយ: 01.06.2026
សម្រាប់អ្នកដែលរស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) យើងទាមទារការយកចិត្តទុកដាក់ ថែទាំ តាមដាន ដំណោះស្រាយបញ្ហាជាតិស្ករឡើងចុះ ពិសេសវិធីសាស្ត្រទៅនឹងផលវិបាក។ ចុះបើអ្នកដែលកំពុងមានទឹកនោមផ្អែមប្រភេទ១ផង ស្រាប់តែមានជំងឺរ៉ាំរ៉ៃណាផ្សេងទៀត តើប៉ះពាល់ដល់ទម្លាប់រស់នៅប្រចាំថ្ងៃ ឬស្ថានភាពអ្នក T1D បែបណាខ្លះ ហើយត្រូវធ្វើដូច្នេះ?
ហែលឆ្លងស្ថានភាពលំបាកដោយភាពអំណត់ តស៊ូ និងជាអ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ រូបរស់នៅប្រទេសឥណ្ឌូណេស៊ី អានីតា (Anita) បានចែករំលែកបទពិសោធន៍វិជ្ជមាន ដើម្បីជាគន្លឹះ ដើម្បីជាកម្លាំងចិត្តដល់អ្នកដែលស្ថិតក្នុងស្ថានភាពនេះ ជាការពិចារណានិងអនុវត្ត ក្រោយរូបគេទទួលលទ្ធផលល្អ។
យើងសុទ្ធតែទទួលស្គាល់ការពិតថា ការរស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) មិនងាយស្រួលឡើយ ព្រោះជួបបញ្ហាច្រើនណាស់ ហើយពេលខ្លះចំពោះអ្នកគ្រប់គ្រងមិនបានល្អ វានឹងបណ្ដាលឲ្យយើងមានជំងឺរ៉ាំរ៉ៃផ្សេងទៀត។ របាយការណ៍ដែលចេញផ្សាយកាលពីឆ្នាំ ២០០៣ របស់ Popovicis et al (2003) បានបង្ហាញអំណះអំណាងជុំវិញបញ្ហានេះ ដោយបកស្រាយថា អ្នកដែលរស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) អាចមានហានិភ័យប្រឈមទៅនឹងការកើតជំងឺរ៉ាំរ៉ៃផ្សេងទៀតជាច្រើន ដែលជំងឺទាំងនោះអាចមានឥទ្ធិពល ឬបង្កជាផលប៉ះពាល់ដល់អារម្មណ៍ សុខភាព ការព្យាបាល និងគុណភាពជីវិតអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ យូរអង្វែង។ ជំងឺរ៉ាំរ៉ៃផ្សេងៗដែលយើងនិយាយដល់នេះ ជាប្រភេទជំងឺអូតូអ៊ីម្យូន (Autoimmune)។
ខាងក្រោមនេះជាឧទាហរណ៍របស់ ជំងឺអូតូអ៊ីម្យូន (autoimmune) ដែលឧស្សាហ៍កើតមានឡើងចំពោះអ្នកទឹកនោមផ្អែមប្រភេទ១៖
- ជំងឺ Coeliac ៖ ជាបញ្ហាពោះវៀនដែលប្រតិកម្មនឹងសារធាតុ gluten មាននៅក្នុងអាហារដូចជា មី ឬនំប៉័ង។
- ជំងឺ Vitiligo ៖ ជាអាការៈស្បែកបាត់ពណ៌ ដោយសារប្រតិកម្មប្រព័ន្ធភាពស៊ាំ។
- Autoimmune gastritis ៖ ជាអាការៈរលាកស្រោមពោះវៀនដោយប្រព័ន្ធភាពស៊ាំ។
- Rheumatic conditions ៖ ជាបញ្ហារលាកសន្លាក់ ឬសាច់ដុំ។
- ជំងឺពាក់ព័ន្ធអ័រម៉ូន (Hormone-related) ៖ ដូចជា បញ្ហា parathyroid ដែលប៉ះពាល់ដល់ការត្រួតពិនិត្យកាល់ស្យូម និងសុខភាពឆ្អឹង។
សួរខ្លួនឯងពីសំណួរដដែលនេះ ម្ដងទៀតមើល៍ថា ថាតើការរស់ជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) តែមួយនោះគឺពិបាកខ្លាំងឬអត់?
ចុះបើឧបមាថា សុខៗអ្នកស្រាប់តែថែមជំងឺហឺត ជំងឺពោះវៀនប្រតិកម្មជាមួយ gluten (coeliac disease) ឬការឈឺសន្លាក់ជារឿយៗ។ គិតមួយភ្លែតទៅដូចជាវិញ្ញាសារជំងឺកាន់តែឡើងកម្រិតលំបាកបន្តិចម្ដងៗ មកតេស្ដសាកល្បងយើងជាប្រចាំ។
ក្រោយ Anita Sabidi ត្រូវបានវិនិច្ឆ័យថាមានជំងឺ T1D តាំងពីឆ្នាំ ១៩៩៨ តែបច្ចុប្បន្ន នាងក៏ត្រូវគ្រប់គ្រងជំងឺ ៣មុខបន្ថែមទៀតពីលើ T1D គឺ ជំងឺពោះវៀនប្រតិកម្មជាមួយ gluten ជំងឺរលាកសន្លាក់ និង ជំងឺហឺតដូចពន្យល់ខាងលើក្នុងពេលតែមួយ។ ទោះជាយ៉ាងណា អានីតា (Anita) នៅតែរឹងមាំទទួលយក ជម្នះ ហើយតស៊ូដោយភាពរឹងមាំនិងក្លាហានបំផុត។
“ខ្ញុំត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងផលវិបាកនិងស្ថានភាពជំងឺទាំងនេះ ដូចជាត្រូវពិនិត្យជាតិស្ករក្នុងឈាមទៀងទាត់រាល់ថ្ងៃ ញ៉ាំរបបអាហារដែលគ្មាន gluten ញ៉ាំថ្នាំប្រឆាំងការរលាក ហើយសេសសល់ពីនេះគឺការគ្រប់គ្រងបញ្ហាផ្លូវដង្ហើម គឺជំងឺហឺតរបស់ខ្ញុំ។ មិនស្រួលទេ ជំងឺមួយអាចប៉ះពាល់ជំងឺមួយទៀត អ៊ីចឹងការថែរក្សាខ្លួនខ្ញុំ ដូចជាការធ្វើអីម្យ៉ាងដែលទាមទារយុទ្ធសាស្ត្រដ៏ស្មុគស្មាញមួយជាប្រចាំ ប្រហែសមិនបាន”។
ពេលថ្នាំផ្លូវដង្ហើម (ជំងឺហឺត) ធ្វើទុក្ខហើយបង្កឲ្យជាតិស្ករឡើងខ្ពស់៖
“ថ្នាំសម្រាប់ជំងឺផ្លូវដង្ហើមខ្ញុំមានសារធាតុ steroids ដែលធ្វើឲ្យជាតិស្ករនៅក្នុងឈាមឡើងខ្ពស់។ ពេលជាតិស្ករឡើង ខ្ញុំមានអារម្មណ៍ទទួលដឹងថាប្រព័ន្ធភាពស៊ាំខ្ញុំខ្សោយ និងងាយឆ្លងជំងឺ។ ពេលខ្លះ ខ្ញុំត្រូវប្រើធុងអុកស៊ីសែនជំនួយការដកដង្ហើមមួយថ្ងៃពេញក៏មាន”។
គ្រូពេទ្យជាក្រុម៖
“វេជ្ជបណ្ឌិតជំនាញអង់ដូគ្រីន ឬអ័រម៉ូន (endocrinologist) ជាអ្នកព្យាបាលខ្ញុំ ព្រោះ T1D ខ្ញុំ ជាជំងឺគោល ហើយសំខាន់បំផុត។ វេជ្ជបណ្ឌិតជំនាញផ្សេងៗដែលខ្ញុំទទួលការព្យាបាលពីពួកគាត់ ត្រូវសហការគ្នា ព្រោះស្ថានភាពជំងឺខ្ញុំពាក់ព័ន្ធគ្នា។
ខ្ញុំគោរពស្រឡាញ់ក្រុមគ្រូពេទ្យខ្ញុំណាស់ ព្រោះពួកគាត់សហការគ្នាល្អ យកចិត្តទុកដាក់មើលថែខ្ញុំ ហើយនៅមន្ទីរពេទ្យតែមួយ។ និយាយទៅជួយខ្ញុំច្រើនណាស់”។
អ្វីដែលបន្តជំរុញឲ្យ អានីតា (Anita) បន្តខិតខំមិនបោះបង់?
“ទោះបីជាមានការប្រឈមច្រើនក៏ដោយ ខ្ញុំរៀនស្គាល់រាងកាយខ្លួនឯងកាន់តែច្បាស់។ ការយល់ដឹងនោះធ្វើឲ្យខ្ញុំក្លាយជាមនុស្សរឹងមាំជាងមុន”។
តើជំងឺអូតូអ៊ីម្យូន និងជំងឺរ៉ាំរៃអាចប៉ះពាល់ដល់កម្រិតជាតិស្ករនៅក្នុងឈាមយ៉ាងម៉េច?
“ពិតណាស់ វាប៉ះពាល់។ ថ្នាំសម្រាប់ជំងឺផ្លូវដង្ហើម ឬហឺតខ្ញុំ ការឈឺសន្លាក់ ជាពិសេសថ្នាំប្រភេទ steroids អាចធ្វើឲ្យជាតិស្ករនៅក្នុងឈាមឡើងខ្ពស់។
ទោះបីខ្ញុំគ្រប់គ្រងជំងឺ T1D បានល្អយ៉ាងណាក៏ដោយ ពេលជំងឺផ្សេងៗកើតឡើង ស្ថានភាពដែលយើងធ្លាប់ដឹងថាគ្រប់គ្រងបានល្អនឹងប្រែប្រួល។
ជីវិតប្រចាំថ្ងៃក្លាយជារឿងត្រូវតាមដាន កែសម្រួល និងរៀនអង្កេត រាល់សញ្ញា ដែលរាងកាយកំពុងប្រាប់ខ្ញុំ ថាខ្ញុំគួរធ្វើម៉េច”។
ចុះថ្នាំ រាល់ថ្ងៃ អានីតា គ្រប់គ្រងយ៉ាងម៉េច?
“អត់មានអីពិបាកទេ គឺដូចតែតារាងប្រចាំថ្ងៃអ៊ីចឹង។ ថ្នាំមួយមុខៗត្រូវលេបតាមពេលវេលា និងលក្ខខណ្ឌខុសៗគ្នា។ ថ្នាំ ខ្លះត្រូវញ៉ាំមុនឬក្រោយអាហារ ឯទៀតអត់ទេ។ ថ្នាំខ្លះអាចប៉ះពាល់ដល់ជាតិស្ករនៅក្នុងឈាមខ្ញុំ ខ្លះអត់ប៉ះពាល់ទេ។ ខ្ញុំប្រឹក្សាឬពិភាក្សាជាមួយវេជ្ជបណ្ឌិត និងឱសថការី ជាប់ជាប្រចាំ ក្រែងមានបញ្ហាណាមួយដោយសារថ្នាំ”។
នៅប្រទេសឥណ្ឌូណេស៊ី ជាទូទៅអ្នកជំងឺត្រូវទៅទទួលការព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាពគ្រប់កន្លែងទូទាំងប្រទេស ក៏ប៉ុន្តែផលវិបាកមួយគឺ គ្រូពេទ្យឯកទេសមិនសម្បូរ ឬមិនមានគ្រប់មណ្ឌលសុខភាព ឬមន្ទីរពេទ្យទេ។ ចឹងខ្ញុំតែងតែងបែងចែកកម្រិតឬប្រភេទមន្ទីរពេទ្យដូចបញ្ជាក់ខាងលើ។
ចំណុចសំខាន់បំផុត ជាអ្វី?
“ខ្ញុំតែងយកចិត្តទុកដាក់ខ្ពស់បំផុតពេលរាងកាយមានសញ្ញា មិនស្រួលណាមួយ ពិសេសខ្ញុំចាប់ផ្តើមអស់កម្លាំងហើយ។
នោះជាសញ្ញាឲ្យខ្ញុំផ្អាកទៅធ្វើអី សម្រាកយកកម្លាំង និងពិនិត្យឡើងវិញថាខ្ញុំត្រូវការអ្វី”។ត្រូវទទួលស្គាល់ថា ទោះយើងរឹងមាំ ឬក្លាហានប៉ុណ្ណាក៏ដោយ ក៏មានដែនកំណត់ដែរ។ នេះវិធីសាស្ត្រដែល អានីតា (Anita) ប្រើពេលនាងមានអារម្មណ៍ថាពិបាកខ្លាំង។
ដល់ចំណុចនេះ បើយើងទទួលអារម្មណ៍ថាពិបាកខ្លាំង ខ្ញុំបែជាមានគំនិតគិតថា បញ្ហាអស់នេះចៀសវាងកើតឡើង ឬគេចមិនរួចទេ។ ដល់អ៊ីចឹងទៅ ការគ្រប់គ្រងសព្វបែបយ៉ាងមិនចាំបាច់ល្អឥតខ្ចោះ ១០០លើ១០០ពេកក៏បានដែរ គ្រាន់តែថាខំតាមហ្នឹង ហើយឧស្សាហ៍រំលឹកខ្លួនឯងថា យើងខ្លួនឯងត្រូវស្រឡាញ់ខ្លួនឯងឲ្យច្រើនបំផុត អ៊ីចឹងទៅ។
ទម្លាប់ងាយៗដែល អានីតា (Anita) អនុវត្ត៖
- កាត់បន្ថយបរិមាណកាបូអ៊ីដ្រាត ពេលជាតិស្ករឡើងខ្ពស់។
- បើអាកាសធាតុខាងក្រៅមិនល្អ អាចពេលខ្លះមានខ្យល់ពុល យើងត្រូវសម្ងំនៅផ្ទះ ខ្លាចប៉ះពាល់សួត។
- ប្រើធុង/កំប៉ុងខ្យល់អុកស៊ីហ្សែនជំនួយ ជួយសម្រួលដល់ការដកដង្ហើម បើគិតថាពិបាកដកដង្ហើម។
- ពេលសន្លាក់ឈឺខ្លាំង គួរប្រើឈើច្រត់ ឬរទេះរុញជាជំនួយ។
- ឧស្សាហ៍ញ៉ាំអាហារងាយៗ ចម្អិននៅផ្ទះ និងសម្បូរជីវជាតិនិងសារធាតុចិញ្ចឹមដូចជាតាប៉ែ តៅហ៊ូ ឬ ស្ងោរជ្រក់ត្រី ស៊ុបត្រីមានបន្លែតាមចំណូលចិត្តជាដើម។ ងាយៗហើយឆ្ងាញ់។ អាហារសុខភាព
- ញ៉ាំអាហារដែលមានសន្ទស្សន៍ជាតិស្ករទាបតាមការណែនាំរបស់ពេទ្យ ដូចជាទំពាំងបាយជូរ មីស៊ីរ៉ាតាគី គុយទាវជប៉ុន ឬអង្ករសំរូប។ល។ សុទ្ធតែមានរសជាតិឆ្ងាញ់ហើយសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ឆ្លងកាត់បញ្ហាទាំងអស់ ក្រោយរស់នៅជាមួយរាប់ឆ្នាំ អានីតា បង្កើតកំហុស ទម្រាំអាចដឹងពីវិធីគ្រប់គ្រងបាន គឺរាប់បញ្ចូលទាំងរបបអាហារ និងទម្លាប់រស់នៅប្រចាំថ្ងៃ ពិសេសនៅថ្ងៃណាធ្វើទុក្ខខ្លាំង។
ទម្លាប់ដែល អារីតា អនុវត្តហើយបានផលមានដូចជា៖
- គេងឲ្យបានឆ្អែត
- ញ៉ាំទឹកឲ្យបានច្រើន
- ធ្វើលំហាត់ប្រាណ ឬចលនារាងកាយងាយៗ មិនលើសកម្លាំង
- ត្រូវប្រាកដចិត្តថាគ្រប់គ្រងស្ត្រេសបានល្អបំផុត (រកវិធីកាត់ស្ត្រេស)
- ញ៉ាំអាហារសំបូរជីវជាតិនិងសារធាតុចិញ្ចឹម ដូចជាត្រីសាច់ បន្លែ
- តាមដាន ពិនិត្យនិងឆែកសុខភាពជាប់ជាប្រចាំឲ្យបានទៀងទាត់។
ទម្លាប់ងាយៗទាំងនេះ យើងគ្រប់គ្នាសុទ្ធតែអាចអនុវត្តបាន មិនចាំបាច់ចំណាយដូចការព្យបាលទេ។
នៅឆ្ងល់ទៀតអត់ បើដឹងថាអ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទ១ មានបញ្ហាដូចបានរៀបរាប់?
"អាច រឿងអីថារស់នៅពេញលេញមិនបាន។ មិនអីទេ...រឿងសំខាន់ត្រូវចេះរៀបចំផែនការចំពោះរឿងអស់ហ្នឹង ហើយស្វះស្វែងរកជំនួយក្នុងករណីចាំបាច់។
ទោះជាពេលសប្បាយរីករាយតិចតួចស្ដួចស្ដើងក៏ដោយ ក៏ខ្ញុំអត់ចុះចាញ់ដែរ កម្លាំងចិត្តកាយខ្ញុំនៅតែមាំ មិនរាថយមិនបាក់ស្រុត ជាពិសេសកម្លាំងពិសេសសម្រាប់កូនៗរបស់ខ្ញុំ។ នៅប្រទេសខ្ញុំនៅប្រកាន់ខ្ជាប់ថា គ្រួសារជាអាទិភាពមុនគេ អ៊ីចឹងការតស៊ូជម្នះបញ្ហារបស់ខ្ញុំនេះ មិនមែនសម្រាប់តែខ្លួនខ្ញុំម្នាក់ឯងនោះទេ តែសម្រាប់គ្រួសារជាទីស្រឡាញ់បំផុតរបស់ខ្ញុំ។
ហេតុផលបង្កប់ន័យបកស្រាយមិនគ្រប់គ្រាន់នេះហើយជាកម្លាំង ជាស្នាមញញឹមឲ្យខ្ញុំមិនចុះចាញ់។
តើអាចជៀសវាងជំងឺអូតូអ៊ីម្យូនផ្សេងៗទៀតបានទេ?
អានីតា (Anita) ចែករំលែកថា៖ “ប្រហែលអាចជៀសខ្លះ តែអត់គ្រប់ជំងឺអូតូអ៊ីម្យូន ឬជំងឺរ៉ាំរៃសុទ្ធតែអាចបង្ការបានទេ។ ជាក់ស្ដែងដូចជាកត្តាហ្សែន សម្ពាធផ្លូវចិត្ត ស្ត្រេស និងកត្តាជាដើម"។
ជាទម្លាប់ខ្ញុំប្រុងប្រៀប រៀបចំមុនជាប្រចាំដូចជា៖
- ត្រូវត្រួតពិនិត្យមុនពេលមានសញ្ញា
- មានក្រុមជំនួយ ដែលមានតួនាទីចាំជួយ ដូចជាសមាជិកគ្រួសារ មិត្តភ័ក្ដិ ឬគ្រូពេទ្យជិតដិតៗ។
“ខ្ញុំទទួលយកថា ខ្ញុំមានជំងឺទាំងនេះ។ ចឹងខ្ញុំអត់ខំទៅតតាំងដើម្បីកំហឹង ឬបាក់ទឹកចិត្តអីទេ ខ្ញុំរកវិធីគ្រប់គ្រងនិងទប់ទល់វាដោយសន្ដិវិធី។ វិធីត្រជាក់ៗមិនមែនស្រួលៗធ្វើទទេ ហេតុផលគឺព្រោះខ្ញុំចង់រស់នៅឲ្យល្អជុំគ្រួសារ។ គ្រប់យ៉ាងគឺសម្រាប់ខ្ញុំ និងសម្រាប់គ្រួសារទាំងមូល”។
ពិនិត្យតាមដានតាមវេជ្ជបញ្ជា
ជាការលើកទឹកចិត្តខ្លាំងមែនទែន កុំខកខានទៅពិនិត្យមើលពីបញ្ហាអូតូអ៊ីម្យូនថាយរ៉យ និងបញ្ហាអូតូអ៊ីម្យូនពាក់ព័ន្ធផ្សេងទៀតឆាប់តាមដែលអាចធ្វើបាន បើដឹងថាយើងធ្វើរោគវិនិច្ឆ័យទៅថាមានទឹកនោមផ្អែមប្រភេទ១ហើយ។ សូមពិនិត្យឲ្យបានទៀងទាត់ រៀងរាល់ពេលដែលលេចចេញរោគសញ្ញាដ៏គួរឲ្យសង្ស័យ។ ឯកសារយោង ផ្នែកទី៤ (Section 4: Comprehensive Medical Evaluation and Assessment of Comorbidities, 2024)។
ជូនចំពោះបងប្អូនកំពុងអានអត្ថបទមួយនេះ ត្រូវចាំថា "ជីវិតយើងពិតជាមានតម្លៃកាត់ថ្លៃមិនបានដូចនេះយើងត្រូវតែតស៊ូខិតខំដើម្បីរស់នៅបន្តទៀត"។
ឃើញទេអានីតាធ្វើបាន។ អានីតាជម្នះបានទាំងទឹកនោមផ្អែមប្រភេទទី១ (T1D) ទាំងបញ្ហាអូតូអ៊ីម្យូន និងជំងឺរ៉ាំរ៉ៃផ្សេងដែលបានចែករំលែកបទពិសោធន៍ជីវិតពិត ជាកម្លាំងចិត្តសម្រាប់អ្នកទាំងអស់គ្នា។
អ៊ីចឹង រឿងអីថាយើងមិនអាច ត្រូវអត់?ក្រោកឈរបន្តក្ដីសង្ឃឹមយើងទៀត...ព្រោះអី...អ្នកជាមនុស្សអស្ចារ្យណាស់...ហើយអ្នកពិតជាអាចជម្នះបាន៕